ការចាក់វ៉ាក់សំាងដូសលើកទី២ សម្រាប់កងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ បានចាប់ផ្ដើមហើយនៅថ្ងៃនេះ !

 សៀមរាប៖ បន្ទាប់ពីបញ្ចប់ការចាក់វ៉ាក់សាំងដូសលើកទី១ លើកងកម្លាំងប្រដាប់អាវុធចម្រុះ សរុបចំនួន២២,៥៤១នាក់រួចមក ការចាក់វ៉ាក់សាំងដូសលើកទី២ បានចាប់ផ្ដើមនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ចំពោះកងកម្លាំងប្រដាប់អាវុធចម្រុះ នៃយោធភូមិភាគទី៤ នៅក្នុងគោលដៅផ្សេងៗគ្នា រួមមាន៖ នៅយោធភូមិភាគទី៤ , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ , កងពលតូចថ្មើរជើងលេខ៤២ , ទិសយោធភូមិភាគទី៤ខេត្ដព្រះវិហារ និងនៅទីតំាងជាច្រើនទៀត ដែលចំណុះឲ្យយោធភូមិភាគទី៤នេះ។


លោក សុក រីនណា នាយសេនាធិការ នៃយោធភូមិភាគទី៤ បានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងដូសលើកទី២នេះ គឺបានចាប់ផ្ដើមពីថ្ងៃទី១៨ ថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះ ៖ គោលដៅទីបញ្ជាការយោធភូមិភាគទី៤ ក្នុងខេត្ដសៀមរាប មានកម្លាំងយោធា កងរាជអាវុធហត្ថ មូលដ្ឋានកងទ័ពអាកាស ប៉ូលីសព្រំដែន គ្រួសារកងទ័ពផងដែរ និងកងកម្លាំងយោធាជាច្រើនទៀត ត្រូវបានចាក់ថ្នាំនៅកងអន្ដរាគមន៍លេខ២ ស្រុកបន្ទាយស្រី , ទិសទី១ប្រាសាទព្រះវិហារ , ទិសទី២ ស្រុកអងន្លង់វែង ខេត្ដឧត្ដរមានជ័យ , ទិសទី៣ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ រួមទាំងនៅខេត្ដព្រះវិហារ និង ខេត្តកំពង់ធំផងដែរ ។



លោកបានបញ្ជាក់បន្ថែមថា កងកម្លាំងដែលបានធ្វើការចាក់វ៉ាក់សាំងដូសលើកទី១ហើយនោះ គឺមកទល់ពេលនេះស្ថានភាពសុខភាពល្អប្រសើរ ដោយគ្មាននរណាម្នាក់ប្រតិកម្មថ្នាំវ៉ាក់សាំងនោះឡើយ ព្រោះពួកគាត់ អនុវត្តបានតាមការណែនាំតាមរបស់ក្រុមគ្រូពេទ្យ ហើយសង្ឃឹមថា ការចាក់វ៉ាក់សំាងដូសលើកទី២ ក៏មិនមានប៉ះពាល់សុខភាពកងកម្លាំងយើងដែរ ។

លោក សុក រីនណា បានឲ្យដឹងបន្ដថា ចំពោះថ្នាក់វ៉ាក់សាំងនេះ គឺ៖ យោធភូមិភាគទី៤ បានទទួលវ៉ាក់សាំងចំនួន២២,៥៤១ដូស ក្នុងនោះទីបញ្ជាការយោធភូមិភាគទី៤ បានទទួលចំនួនវ៉ាក់សាំងចំនួន៥,៦៧៧ដូស , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ ចំនួន៥,១៩៩ដូស , ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ ចំនួន៤,៤៥១ដូស និង ទីតាំងមន្ទីរពេទ្យតេជោសែន ស្រអែម ខេត្ដព្រះវិហារ ចំនួន ៧,២១៤ដូស ។

ជាមួយគ្នានេះដែរ លោកនាយសេនាធិការ បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចាក់ថ្នាំវ៉ាក់សាំង ទំាងដូសលើកទី១ និងដូសលើកទី២ សូមឲ្យអនុវត្ដតាមការណែនាំរបស់ក្រុមគ្រូពេទ្យ ជាពិសេសសូមចូលរួមអនុវត្ដវិធានការ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលឲ្យបានត្រឹមត្រូវ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយ







ដោយ៖ ធូ កុសល


No comments:

ads
Powered by Blogger.