សម្ដេចតេជោ ស្នើឱ្យអាជ្ញាធរត្រូវកំណត់តំបន់ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជា «តំបន់ក្រហម» ហើយត្រូវរឹតបន្តឹងវិធានការលម្អិត


​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ស្នើឱ្យ​អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ (​គ​.​ប​.​ខ​) ត្រូវ​កំណត់​តំបន់​ដែល មានការ​ឆ្លង​រាលដាល​ធ្ងន់ធ្ងរ​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ទីតាំង​ភូមិសាស្ត្រ​ដែល​ត្រូវបាន​បិទ​ខ្ទប់​ជា «​តំបន់​ក្រហម​» ហើយ​ត្រូវ​រឹតបន្តឹង​ការអនុវត្ត​វិធានការ​លម្អិត ឱ្យបាន​ម៉ឺងម៉ាត់​នៅក្នុង​តំបន់​ក្រហម​នេះ​។​

​នៅក្នុង​សេចក្ដីណែនាំ ស្ដីពី​វិធានការ​លម្អិត​ដើម្បី​រឹតបន្តឹង​ការអនុវត្ត​សេចក្ដីសម្រេច​ស្ដីពី ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ចុះ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បុគ្គល​គ្រប់រូប​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ធ្វើដំណើរ​ចេញពី​លំនៅឋាន ឬ​ទី​សំណាក់​បច្ចុប្បន្ន​របស់ខ្លួន ដោយ​រួមទាំង​ការមិន​អនុញ្ញាត​ឱ្យធ្វើ​សកម្មភាព​កីឡា​នៅ​ខាងក្រៅ​លំនៅឋាន ឬ​ទី​សំណាក់​របស់ខ្លួន លើកលែងតែ​ការធ្វើដំណើរ​ក្នុង​មូលហេតុ​សុខភាព​បន្ទាន់ និង​ការធ្វើដំណើរ​ទៅ​ជួប​មន្ត្រី សុខាភិបាល​ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ឬ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ដួស​ទី​២ នៅ​ទីតាំង​ជិត​បំផុត​ក្នុង​តំបន់​ក្រហម​តាម​ការកំណត់ និង​ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

​សម្ដេច​តេ​ជោ​បន្តថា ចំពោះ​ផ្សារ និង​ទីកន្លែង​លក់​ម្ហូបអាហារ និង​គ្រឿង​ឧបភោគបរិភោគ ព្រមទាំង​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ទាំងអស់​នៅក្នុង​តំបន់​ក្រហម ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន លើកលែងតែ​សកម្មភាព​ការងារ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ដំណើរការ​ជាធម្មតា មានដូចជា (១)-​សេវា​ពន្លត់​អគ្គិភ័យ (២)-​សេវា​ផ្គត់ផ្គង់​អគ្គិសនី (៣)-​សេវា​ផ្គត់ផ្គង់​ទឹកស្អាត (៤)-​សេវា​សង្គ្រោះបន្ទាន់ និង​សេវា សុខាភិបាល​ទាំង​រដ្ឋ និង​ឯកជន ដោយ​រួមទាំង​ឱសថស្ថាន​ផង (៥)-​ទីតាំង​ផលិត និង​ផ្គត់ផ្គង់ អាល់កុល និង​អុកស៊ីហ្សែន (៦)-​ទីតាំង​ផលិត និង​ផ្គត់ផ្គង់​មី (៧)-​ទីតាំង​លក់​ហ្គាស​សម្រាប់​ចម្អិន​អាហារ (៨)-​សេវា​ផ្គត់ផ្គង់​ស្បៀង​របស់​រដ្ឋ និង​ជំនួយ​សង្គ្រោះបន្ទាន់ (៩)-​សេវា​ផ្គត់ផ្គង់​ឱសថ និង​សម្ភារ​បរិក្ខា​ពេទ្យ និង (១០)-​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម​-​សំណល់​រឹង​។

​នៅក្នុង​សេចក្ដីណែនាំ​សម្ដេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ហាមឃាត់​ដាច់ខាត​រាល់​ការធ្វើដំណើរ​ចេញ​-​ចូល ឆ្លងកាត់​តំបន់​ក្រហម​នេះ​ទាំងអស់ លើកលែងតែ (១)-​ការធ្វើដំណើរ​របស់​ម​ន្ត្រី​រាជការ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែលមាន​សមត្ថកិច្ច អនុវត្ត​វិធានការ​នានា​ក្នុងអំឡុងពេល​បិទ​ខ្ទប់ ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម (២)-​ការធ្វើដំណើរ​ដែល​ទាក់ទង​នឹង​សកម្ម​ភាពចុះ​ចែក​ជំនួយ​សង្គ្រោះបន្ទាន់​ដែល​រៀបចំ​ដោយ គ​.​ប​.​ខ ដោយ​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ និង​លិខិត​បញ្ជា​បេសកកម្ម​ដែល​ចេញ​ដោយ គណៈកម្មការ​ប្រតិបត្តិ​នៃ គ​.​ប​.​ខ (៣)-​ការធ្វើដំណើរ​របស់​ម​ន្ត្រី និង​បុគ្គលិក​ផ្នែក​សុខាភិបាល ទាំង​រដ្ឋ និង​ឯកជន​ដោយ​រួមទាំង​ផ្នែក​ឱសថស្ថាន ដោយមាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួងសុខាភិបាល (៤)-​ការធ្វើដំណើរ​របស់​ម​ន្ត្រី និង​បុគ្គលិក​នៃ​សេវា​ពន្លត់អគ្គីភ័យ (៥)-​ការធ្វើដំណើរ របស់​មន្ត្រី និង​បុគ្គលិក​នៃ​សេវា​ផ្គត់ផ្គង់​អគ្គិសនី និង​ទឹកស្អាត និង​សេវា​ផ្គត់ផ្គង់​ស្បៀង​របស់​រដ្ឋ​ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជា​បេសកកម្ម (៦)-​ការធ្វើដំណើរ​របស់​ម​ន្ត្រី និង​បុគ្គលិក​ដើម្បី​ចេញ​-​ចូល​ទីតាំង​ឃ្លាំង​ស្តុក​ទំនិញ​យុទ្ធសាស្ត្រ​របស់​រដ្ឋ ដោយ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជ​បេសកកម្ម (៧)-​ការធ្វើដំណើរ​របស់​ម​ន្ត្រី និង​បុគ្គលិក​នៃ​សេវា​សង្គ្រោះបន្ទាន់​ទាំង​រដ្ឋ និង​ឯកជន​ដោយមាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួងសុខាភិបាល (៨)-​ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក ទីតាំង​ផលិត និង​ផ្គត់ផ្គង់ ដោយមាន​លិខិតអនុញ្ញាត​ធ្វើដំណើរ​របស់​គណៈកម្មកា​រ​ប្រតិបត្តិ គ​.​ប​.​ខ (៩) ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក​នៃ​ទីតាំង​ផលិត និង​ផ្គត់ផ្គង់​អាល់កុល និង​អុកស៊ីហ្សែន ដោយមាន​លិខិត​អនុ​ញ្ញ​ត​ធ្វើដំណើរ​របស់​គណៈកម្មកា​រ​ប្រតិបត្តិ​នៃ គ​.​ប​.​ខ និង (១០)-​ការធ្វើ ដំណើរ​របស់​បុគ្គលិក​លក់ និង​ចែកចាយ​ហ្គាស​សម្រាប់​ចម្អិន​អាហារ​ដោយមាន​លិខិតអនុញ្ញាត​ធ្វើ ដំណើរ​របស់​គណៈកម្មកា​រ​ប្រតិបត្តិ​នៃ គ​.​ប​.​ខ​.​។

​សេចក្ដីណែនាំ​ក៏បាន​បញ្ជាក់ដែរថា ក្នុងករណី​មានការ​បំពាន​វិធានការ​ហាមឃាត់​ការធ្វើដំណើរ និង​វិធានការ​ហាមឃាត់​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម​ខាងលើនេះ អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់​ត្រូវអនុវត្ត​វិធានការ​ច្បាប់ យ៉ាង​ម៉ឺងម៉ាត់ ដោយ​រួមទាំង​ការឃាត់​ទុកជា​បណ្តោះអាសន្ន​នូវ​មធ្យោបាយ​ធ្វើដំណើរ និង​ទណ្ឌកម្ម រដ្ឋបាល​ផ្សេងទៀត ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ និង​នីតិវិធី​ជា​ធរមាន​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ​ក្រសួងពាណិជ្ជកម្ម ត្រូវ​រៀបចំ​សម្របសម្រួល​ជាបន្ទាន់​ឱ្យមាន​ការផ្គត់ផ្គង់ ដឹកជញ្ជូន និង​ចែកចាយ​ស្បៀង រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ និង​ទឹកបរិសុទ្ធ ព្រមទាំង​គ្រឿងឧបភោគ​បរិភោគ​ដែល ចាំបាច់​ផ្សេងទៀត ដើម្បី​លក់​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ក្រហម ដោយ​អនុវត្ត​សេវា​លក់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ឬ​អន​ឡាញ និង​ការដឹកជញ្ជូន​ចែកចាយ​ដល់​មុខផ្ទះ​។ ទន្ទឹមនឹងនេះ ក៏បាន​ស្នើឱ្យ​អាជ្ញាធរ​អនុវត្ត​វិធាន​ការបិទ​ខ្ទប់ ត្រូវ​ចាត់ចែង​ជាបន្ទាន់​ដើម្បី​ចែកចាយ​នូវ​ជំនួយ​សង្គ្រោះបន្ទាន់ រួមមាន អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និង​ទឹក​ស៊ី​អី​វ ជូន​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ប្រជាពលរដ្ឋ​ក្រីក្រ និង​មានការ លំបាក​ក្នុង​ជីវភាព​នៅក្នុង​តំបន់​ក្រហម​ផងដែរ​។​

​គិត​ត្រឹម​យប់​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០២១​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីសម្រេច​កំណត់​តំបន់​មួយចំនួន​នៅ​ភ្នំពេញ ក្នុងនោះ​មាន សង្កាត់​ស្ទឹងមានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​២ និង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភូមិ​៤ ភូមិ​១៦ និង​ភូមិ​១៧ នៃ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដែលមាន​ការឆ្លង​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​កូ​វីដ​១៩ ជា «​តំបន់​ក្រហម​»៕  ដោយ ជឹម ណា​រី សម្រួលផ្សាយដោយ៖ ធូ កុសល​

No comments:

ads
Powered by Blogger.