ប្រធាន គ វ ក ១៩ កោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលហ៊ានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩


ភ្នំពេញ ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសហៅកាត់ថា (គ វ ក-១៩) បានកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហ៊ានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីចូលរួមក្នុងបុព្វហេតុ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវក្នុងប្រទេសកម្ពុជា ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស(គ វ ក-១៩) បានកោតសរសើរចំពោះក្មួយៗទាំងអស់ដែលហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញា ធនធាន និងហ៊ានឃ្លាតឆ្ងាយពីក្រុមគ្រួសារ ដើម្បីចូលរួមក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងសាហាវ ឃោរឃៅនៅក្នុងពិភពលោក ហើយជាពិសេស មួយរយ:ចុងក្រោយនេះ កម្ពុជាយើងក៏ជួបប្រទះនូវការគំរាមកំហែងនេះ ដូចគ្នាដែរ ។

លោកជំទាវ បានបន្តថា ក្នុងការចូលរួមក្នុងបុព្វហេតុនេះ ក្មួយៗបានក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋទូទៅ លើកតម្កើង សរសើរ ព្រោះទោះមើលមិនឃើញសត្រូវអត់ស្រមោលនេះក៏ពិតមែន តែក្មួយៗក្លាហានហ៊ានប្រឈម ដោយមិនគិតពីបញ្ហាប្រឈមដល់ខ្លួនឯង ហើយចូលខ្លួនលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិមាតុភូមិជាធំ ។ ក្មួយៗទាំងអស់ សុទ្ធតែជាយុវជនជំនាន់ក្រោយ ជាទំពាំងស្នងឫស្សីដ៏រឹងមាំ ហ៊ានប្រឈមឧបសគ្គដ៏លំបាកបំផុតមួយនេះ ។

លោកជំទាវបន្ថែមថា សេចក្តីក្លាហានរបស់ក្មួយៗ នឹងកត់ត្រាទុកជាប្រវត្តិសាស្ត្ររបស់កម្ពុជាយើង ដែលទុកដល់អ្នកជំនាន់ ក្រោយបានដឹងបានឮពីការលះបង់នេះ ដើម្បីសុខភាពប្រជាជន ភាពសុខដុមរមនារបស់កម្ពុជា និងពិភពលោកទាំងមូល។

ឆ្លៀតក្នុងឱកាសនេះ ទោះជាមិនមានក្មួយៗណាម្នាក់ឆ្លងជំងឺកូវីដ-១៩ ក្នុងពេលបំពេញភារកិច្ចក្តី តែលោកជំទាវក៏សូមផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ជាពិសេសដល់ក្មួយៗដែលកំពុងសម្រាកព្យាបាល និងជាប់ចត្តាឡីស័ក ដោយបានពាក់ព័ន្ធជាមួយ អ្នកជំងឺកូវីដ-១៩ ដោយមិនដឹងជាមុននេះ ។

លោកជំទាវជឿជាក់ថា ក្មួយៗនឹងឆ្លងផុតពីដំណាក់កាលដ៏ព្រឺព្រួចនេះ ប្រកបដោយសុខភាពល្អជាក់ជាមិនខាន ហើយក្មួយៗ ត្រូវតែរឹងមាំ និងត្រូវបន្តមានសង្ឃឹមថាជីវិតប្រជាជនច្រើនទៀត គឺស្ថិតលើសុវត្ថិភាពសុខភាពរបស់ក្មួយៗ ដែលនឹងត្រូវទៅ ផ្តល់សេវាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ពួកគាត់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩នាពេលនេះនិងបន្តទៅខាងមុខទៀត ដែលក្មួយៗនឹងក្លាយជាអ្នកមានបទពិសោធន៍លើការងារជាប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ អាចចូលរួមសង្គ្រោះអ្នកជំងឺរាប់ពាន់នាក់ទៀតនៅថ្ងៃអនាគត ។

ជាចុងក្រោយ លោកជំទាវសូមឱ្យក្មួយៗ មេត្តាមានការអត់ធ្មត់និងមានការប្រុងប្រយ័ត្នខ្ពស់ពេលបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសប្រតិបត្តិឱ្យបាននូវវិធានការសុខាភិបាលនានា ដូចជា ៣ការពារ និង៣កុំ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់នៅ ព្រោះកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ដ៏រាបណាយើងមិនយកចិត្តទុកដាក់បង្ការ សុខភាពខ្លួនឯង វីរុសដ៏កាចសាហាវនេះនឹងអាចញាំញីរាងកាយយើងបានគ្រប់ពេលវេលា ។

លោកជំទាវ ឱ វណ្ណឌីន បានបួងសួងដល់ទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សូមទទួលបាននូវសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ និងសម្រេចបាននូវគ្រប់ភារកិច្ចដែលបានប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

វិទ្យុជាតិកម្ពុជា ៖ លោកស្រី ស៊ឹង សុផារី


No comments:

ads
Powered by Blogger.