គ.ជ.ប លើកពេលធ្វើការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១


ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប សម្រេចលើកពេលអនុវត្តដំណើរការនៃការបោះ ឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ដែលគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំ សង្កាត់គោលដៅចំនួន ២៥ នៃរាជធានី ខេត្តទាំងអស់ទូទាំងប្រទេស។

ការសម្រេចលើកពេលនេះ ដោយសារតែ គ.ជ.ប បានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន កាន់តែធ្ងន់ធ្ងរឡើងៗ។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កាលបរិច្ឆេទនៃការអនុវត្តការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២១ នឹងត្រូវកំណត់ជាថ្មី តាមលទ្ធភាពដែល គ.ជ.ប អាចធ្វើបាន បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរាជរដ្ឋាភិ បាល។ ជាមួយគ្នានេះដែរ កិច្ចប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធតាមអនឡាញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលផងដែរ។

សូមបញ្ជាក់ថា គម្រោងរៀបចំការបោះឆ្នោតសាក ល្បងរបស់គ.ជ.ប គឺធ្វើឡើងតាមអនឡាញ សំដៅឈានទៅធ្វើការអនុវត្តជាក់ស្តែងតែម្តង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់នាឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាឆ្នាំ២០២៣។

គម្រោងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១នេះ គ្រោងអនុវត្តទៅលើការប្រើប្រាស់កម្មវិធីចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតតាមអនឡាញ ក៏ដូចជាការប្រើប្រាស់កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការ បោះឆ្នោត តាមប្រព័ន្ធអនឡាញ ដែលគ្របដណ្តប់លើដំណើរការសំខាន់ៗនៅក្នុងថ្ងៃបោះឆ្នោត តាមកម្មវិធីជាប្រព័ន្ធ ដូចជា៖ កម្មវិធីទទួល បញ្ចូល បូកសរុប បញ្ជូន និងប្រកាសលទ្ធផលបឋមនៃការ បោះឆ្នោតកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធ ផលបណ្តោះអាសន្ននៃការ បោះឆ្នោត កម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធ ផលផ្លូវការនៃការបោះឆ្នោត។ជាមួយគ្នានេះ ក៏មានកម្មវិធីបែងចែកអាសនៈ និងស្រង់ឈ្មោះបេក្ខជនជាប់ឆ្នោត ៕

វិទ្យុជាតិកម្ពុជា ៖ លោក វ៉ាង ភក្តី

No comments:

ads
Powered by Blogger.