ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៨០គ្រួសារ នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី

ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៨០គ្រួសារ នៅឃុំចំនួនពីរ ក្នុងស្រុកកោះញែក ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដើម្បីជួយសម្រាលក្នុងបន្ទុកជីវភាពដែលកំពុងខ្វះខាត។

ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី និងលោកស្រី វិន ស៊ីធួន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខា និងសហការី នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ទៅចែកជូនដល់គ្រួសារចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា និងគ្រួសាររងគ្រោះដោយប្រការផ្សេងៗ សរុបចំនួន ១៨០គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកកោះញែកដែល ពិធីនេះប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យ ហ៊ុន សែន កោះញែក ស្ថិតនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកស្រី វិន ស៊ីធួន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ជាពិសេស សម្តេច តែងឆ្លើយតប និងជួយសង្គ្រោះចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងដូចជា គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ខ្យល់កន្ត្រាក់ ផ្គររន្ទះ និងទឹកជំនន់ ជាដើម។ លោកស្រី ក៏បានណែនាំឱ្យបងប្អូនទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យ ជាពិសេស អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និងបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ម្យ៉ាងទៀត ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដុះដំណាំរួមផ្សំផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើក ស្ទួយជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះទំាង ១៨០គ្រួសារមកពីឃុំ ឃុំស្រែសង្គម និងឃុំស្រែហ៊ុយ ក្នុងស្រុកកោះញែកនេះ ដោយក្នុង១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង និងអាវយឺតចំនួន២ផង ដែរ៕

វិទ្យុជាតិកម្ពុជា៖  ស៊ីផុន ហ៊ុងគ្រី ខេត្តមណ្ឌលគិរី

No comments:

ads
Powered by Blogger.