កម្ពុជាទទួលបានតំណក់ប្រេងលើកដំបូងជាផ្លូវការហើយ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្របានប្រកាសថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានចាប់ផ្តើមទទួលតំណក់ប្រេង ជាលើកដំបូងរបស់ខ្លួនហើយ ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាស ថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងដំណឹងល្អនៃការទទួលបានតំណក់ ប្រេងលើកដំបូងរបស់កម្ពុជា ចេញពីភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ ដោយផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ដោយប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី២៩ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចមាន សេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងការជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ អំពីការចាប់ផ្តើមផលិតកម្មប្រេងដំបូង របស់កម្ពុជានៅតំបន់ប្លុក A ឈូងសមុទ្រកម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរកន្លងមកនេះ។
សម្តេចតេជោបញ្ជាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ដែលជាប្រតិបត្តិករនៃគម្រោងនេះ មកដល់ពេលនេះយើងបានសម្រេចបាននូវការបញ្ចប់ដោយជោគជ័យជាស្ថាពរ នូវការ សាងសង់ ការបំពាក់គ្រឿងសម្ភារនិងបរិក្ខារ នៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានរ៉ែ ប្រេងរបស់យើង។
តំណក់ប្រេងលើកដំបូងរបស់កម្ពុជាបានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃ ឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី២២ នៃការបញ្ចប់សង្រ្គាមនាំមកនូវការ ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយឈ្នះ-ឈ្នះ (២៩ធ្នូ ១៩៩៨-២៩ ធ្នូ ២០២០)។ ថ្ងៃទី ២៩ ធ្នូ ១៩៩៨ បាន បង្កលក្ខណៈសម្បត្តិគ្រប់យ៉ាងឱ្យយើងមានតំណក់ប្រេងលើកដំបូងនៅកម្ពុជានាថ្ងៃទី ២៩ ធ្នូ ២០២០ នេះ។
« ថ្ងៃនេះតំណក់ប្រេងលើកដំបូងលើទឹកដីដ៏កម្សត់មួយនេះ វាគាប់ជួនជាថ្ងៃនៃការបញ្ចប់សង្រ្គាម នាំមកនូវសន្តិភាព និងការឯកភាពជាតិជាលើកដំបូងក្នុងរយៈពេលដ៏យូរលង់របស់កម្ពុជា។ ហេតុអ្វីបានទៅជាអ៊ឺចឹង បើអត់មានសន្តិភាពទេ វាក៏គ្មានផងដែរ ជាមួយនឹងអត់មានសន្តិភាព អត់មានការបញ្ចប់សង្រ្គាមនាំមកនូវសន្តិភាព នូវការឯកភាពជាតិ គ្មានទេនៅព្រឹត្តិការណ៍តំណក់ប្រេងលើកដំបូងនៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ២០២០ ។ អ៊ីចឹងថ្ងៃនេះក្នុងឋានៈជាស្ថាបនិកនៃនយោបាយឈ្នះឈ្នះ និងការដឹកនាំនិងអនុវត្តដោយផ្ទាល់នូវនយោបាយឈ្នះឈ្នះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានមោទនភាព ជាមួយនឹងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមនូវដំណើរការដើម្បីបញ្ចប់ សង្រ្គាមនៅកម្ពុជា »។
សម្តេចតេជោ រំលឹកជម្រាបជូនបងប្អូនជនរួមជាតិជ្រាបថា៖ កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះហត្ថលេខានៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង Kris Energy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ ២០១០ ក្រុមហ៊ុនChevron បានប្រកាសរកឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍនិងអាជីវកម្ម ដើម្បីស្នើសុំរាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេងដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ប៉ុន្តែដោយការពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតិភាពច្បាប់ពាក់ព័ន្ធនិងផែនការអភិវឌ្ឍនិងអាជីវកម្ម ស្នើឡើងដោយក្រុមហ៊ុន Chevron នៅពេលនោះ បានតម្រូវឱ្យភាគីទាំងពីរត្រូវចរចាកែសម្រួលលក្ខខណ្ឌកិច្ចព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឱ្យមានសង្គតិភាព ជាមួយបទប្បញ្ញត្តិច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផលសេដ្ឋកិច្ច ពីផែនការអាជីវកម្មនេះផង ដំណើរការអនុវត្តតាមផែនការផលិតប្រេងនៅខែធ្នូ២០១២ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។
ការចរចារកិច្ចព្រមព្រៀងប្រេងកាតក៏ត្រូវបានប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាលនិងក្រុមហ៊ុន) ទាំងលើទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។
អណ្តូងប្រេងទីមួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ខែ ធ្នូ២០២០នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខួងជម្រៅដល់ស្រទាប់ជម្រករ៉ែប្រេងរួចហើយដែរ។

ការចាប់ផ្តើមផលិតកម្មប្រេងនេះ គឺជាពរជ័យសម្រាប់កម្ពុជា ។ នេះជាការចាប់ផ្ដើមមួយជំហានដំបូងដ៏សំខាន់សម្រាប់កម្ពុជាឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិនិងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពលនៅកម្ពុជា។ ភោគផលប្រេងនេះនឹងធ្វើឱ្យកម្ពុជាទទួលបានផលប្រយោជន៍សំខាន់ៗ រួមមានចំណូល ថវិកាជាតិ ផលសេដ្ឋកិច្ចទទួលបានពីការបង្កើតបាននូវពិពិធកម្មខឿនឧស្សាហកម្មក្នុងវិស័យប្រេងកាត និងការកសាង សមត្ថភាពជាតិនៅក្នុងវិស័យនេះ។ ការរកឃើញនិងអាជីវកម្មធនធានរ៉ែប្រេងនៅកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសាដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ ៕

ដោយ៖ វិទ្យុជាតិកម្ពុជា

No comments:

ads
Powered by Blogger.