ក្រសួងសុខាភិបាល ពន្យល់ពីវិរុសកូវីដ-១៩ បំប្លែងថ្មី កំពុងរាលដាលនៅបណ្តាប្រទេសមួយចំនួន

 ក្រសួងសុខាភិបាល បានពន្យល់អំពីវីរុសកូវីដ-១៩ បំប្លែងថ្មី ដែលកំពុងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីជាទុនក្នុងការយល់ដឹង និងបង្កើនការយកចិត្តទុកដាក់របស់បុគ្គលម្នាក់ៗ ក្នុងការការពារការចម្លងនៃវីរុសដ៏កាចសាហាវនេះ ទោះបីជាវីរុសកូវីដ-១៩នេះ មានការបំប្លែងជាទម្រង់បែបណាក៏ដោយ។


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី (Bl.1.7 )រកឃើញនៅចក្រភពអង់គ្លេស នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ និងបានរាយការណ៍ទៅអង្គការសុខភាពពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ដោយមានការលើកឡើងពីអ្នកវិទ្យាសាស្រ្តនៃប្រទេសនេះថា វាមានភាពឆ្លងលឿនជាងវីរុស ដែលកំពុងតែចរាចរបច្ចុប្បន្ននេះ ក្នុងកម្រិតឆ្លងប្រហែលជា ០,៤ បន្ថែមលើសន្ទស្សន៍ នៃការឆ្លងដែលមានបច្ចុប្បន្នក្នុងប្រទេសអង់គ្លេសនេះ។ 

លោកជំទាវបញ្ជាក់ថា វីរុសកូវីដ-១៩ ប្រភេទថ្មី (new stran)នេះ គឺអ្នកវិទ្យាសាស្រ្តកំពុងតែធ្វើការសិក្សាលើប្រភេទវីរុសកូវីដ-១៩ ដែលបានបំប្លែង (Mutation) នេះដែលធ្លាប់មានការចុះផ្សាយកន្លងមកដែរ លើការបំប្លែងនេះ ដូចជាពួកប្រភេទ 19, 19B, 20A, 20B,20C ជាដើម ហើយតាមការបង្ហាញរបស់អង្គការសុខភាពពិភពលោកនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ តាមរយៈប្រព័ន្ធអនឡាញ បានឱ្យដឹងថា មកទល់ពេលនេះ ចាប់តាំងពីមានការផ្ទុះឡើងនូវវីរុសកូវីដ-១៩ នេះ គឺមានការបំប្លែងវីរុសកូវីដ-១៩ ខុសគ្នា១៣ ចំនួន២៩ស្ថានភាពនុយគ្លេអូទីដរបស់វីរុស ដែលចេញមកពីប្រភពដើមនៅវូហានទៅហើយ ដែលគេបានប៉ាន់ប្រមាណថា មានការបំប្លែងនៃវីរុសនេះប្រហែលជា១ ទៅ ២បែប ក្នុងមួយខែ ។

ទោះជាវីរុសកូវីដ-១៩ នេះមានលទ្ធភាពបំប្លែងច្រើនបែបក៏ដោយ ក៏វិធានការសុខភាពសាធារណៈសំខាន់ៗដូចខាងក្រោមនេះ នៅតែជាវិធានការចម្បងបំផុតសម្រាប់បុគ្គលគ្រប់រូបដែលមិនត្រូវប្រហែសនោះឡើយ ដោយត្រូវតែរវៀសរវៃ ប្រុងប្រយ័ត្នជាប់ជានិច្ច និងត្រៀមជានិច្ចក្នុងការឆ្លើយតប ជាពិសេសទៅទៀតនោះ គឺនៅពេលដែលយើងកំពុងរង់ចាំនូវលទ្ធផល និងការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ ដែលនឹងត្រូវចែកចាយមកបណ្តាប្រទេសជាសមាជិក ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) និងការវាយតម្លៃជាមុននូវប្រសិទ្ធភាព និងគុណភាពវ៉ាក់សាំង មុនការប្រើប្រាស់នៅកម្ពុជា ដោយអង្គការសុខភាពពិភពលោកនោះ ដើម្បីការពារខ្លួនលោកអ្នកពីការចម្លងវីរុសកូវីដ-១៩ (ទោះជាមានការបំប្លែងបែបណាក៏ដោយ)។

លោកជំទាវបន្តថា ជាការចាំបាច់បំផុត យើងត្រូវនាំគ្នាអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនដែលបានណែនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងទៅកាន់ជនរួមជាតិនាថ្ងៃទី១៥ និង ទី២៩ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាលដូចជា៖ ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង កុំទៅកន្លែងមនុស្សច្រើនកុះករ កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន និងកុំប៉ះពាល់គ្នានៅពេលជួបគ្នាដូចជាកុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ឬកុំឱបគ្នា ជាដើម។ ត្រូវបន្តការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយចេះកែប្រែឥរិយាបទ និងទម្លាប់នៃការរស់នៅ ដោយប្រកាន់យកនូវការការពារការចម្លងវីរុសកូដ-១៩ តាមការណែនាំខាងលើនេះ៕

No comments:

ads
Powered by Blogger.