ប្រទេសថៃទទួលភ្ញៀវទេសចរបរទេសចំនួន ៣.០០០នាក់នៅក្នុងខែវិច្ឆិកា

ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃទី ២៨ ខែធ្នូ ជាខែទី ២ នៃការទទួលភ្ញៀវទេសចររយៈពេលយូរចាប់តាំងពីការហាមឃាត់ត្រូវបានដាក់ចេញកាលពីខែមេសាដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ ថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣.០៦៥នាក់នៅក្នុងខែវិច្ឆិកា។



ដូចដែលបានរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ តួលេខនៅក្នុងខែវិច្ឆិកាគ្រាន់តែជាចំណែកតូចមួយនៃចំនួនភ្ញៀវទេសចរចំនួន ៣,៣៩លាននាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កាលពីក្នុងខែតុលា ប្រទេសនេះបានទទួលភ្ញៀវទេសចរបរទេសចំនួន ១.២០១នាក់។

បើទោះបីជាប្រទេសនេះកំពុងបើកទ្វារទទួលភ្ញៀវទេសចរជាបណ្តើរៗឡើងវិញ និងផ្តល់នូវការលើកទឹកចិត្តក្នុងការជំរុញការធ្វើដំណើរក្នុងស្រុកក៏ដោយ ក៏កិច្ចខិតខំប្រឹងប្រែងដើម្បីស្តារសេដ្ឋកិច្ចដែលជំរុញដោយវិស័យទេសចរណ៍របស់ខ្លួនកំពុងត្រូវបានរារាំងដោយការផ្ទុះឡើងថ្មីមួយដែលត្រូវបានរកឃើញកាលពី ១០ថ្ងៃមុនដែលបានឆ្លងដល់មនុស្សជាង ១.៦០០នាក់នៅទូទាំងខេត្តចំនួន ៤៣ ។

ក្នុងរយៈពេលចាប់ពីខែមករាដល់ខែវិច្ឆិកា ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៨១ភាគរយបើធៀបទៅនឹងឆ្នាំមុនដែលមានចំនួន ៦,៧លាននាក់។

កាលពីឆ្នាំមុន ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរប្រមាណជិត ៤០លាននាក់ ដែលបានចំណូល ១,៩១ទ្រីលានបាត (៦៣ប៊ីលានដុល្លារអាម៉េរិក) ឬប្រមាណ ១១,៣ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ទីភ្នាក់ងាររៀបចំផែនការរដ្ឋបានព្យាករថា នឹងមានភ្ញៀវទេសចរបរទេសត្រឹមតែ ៥លាននាក់ប៉ុណ្ណោះនៅឆ្នាំ ២០២១ ។ អ្នកទេសចរបរទេសនាពេលបច្ចុប្បន្ន តម្រូវឱ្យទទួលបានទិដ្ឋាកាពិសេស និងឆ្លងកាត់រយៈពេលពីរសប្តាហ៍នៃការធ្វើចត្តាឡីស័ក៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

No comments:

ads
Powered by Blogger.