វៀតណាមដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

 នៅក្នុងគេហទំព័រ https://moderndiplomacy.eu/ បានឱ្យដឹងថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ ប្រទេសវៀតណាមបានដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសជាសមាជិកអាស៊ានក្នុងការជំរុញការឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

អត្ថបទមួយដែលចុះផ្សាយនៅលើគេហទំព័រនេះកាលពីថ្ងៃទី ២៧ ខែធ្នូ បានកត់សម្គាល់ថា នៅព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំនេះ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយបណ្តាមេដឹកនាំនៅអាស៊ានផ្សេងៗទៀត នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ស្តីពីការឆ្លើយតបជាសមូហភាពរបស់អាស៊ានចំពោះការផ្ទុះឡើងនៃជំងឺកូរ៉ូណាវីរុសឆ្នាំ ២០១៩ ។



សេចក្តីថ្លែងការណ៍នោះបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបានទទួលស្គាល់ថា វាជា «ភាពអាសន្នផ្នែកសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ» ដូចដែលបានប្រកាសដោយអង្គការសុខភាពពិភពលោក (WHO) ។

នៅក្នុងអត្ថបទនោះបាននិយាយថា នៅក្នុងសេចក្តីថ្លែងការណ៍នោះបានសង្កត់ធ្ងន់ទៅលើការបន្តផ្តល់ជំនួយដល់បណ្តាប្រទេសនានានៅលើពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក៏ផ្តល់ការគាំទ្រផ្នែកមនុស្សធម៌ដល់ប្រទេសចិនក្នុងទម្រង់នៃការផ្គត់ផ្គង់ម៉ាស់បិទមុខ និងសម្ភារៈវេជ្ជសាស្ត្រផ្សេងៗទៀតផងដែរ។

ក្នុងនាមជាអង្គការប្រចាំតំបន់ អាស៊ានក៏បានបោះជំហានធ្វើការងារដើម្បីឆ្លើយតបរួមគ្នា និងសម្របសម្រួលដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ ដោយសង្កត់ធ្ងន់ថា អាស៊ានមិនត្រឹមតែបង្កើនកម្រិតយល់ដឹងរបស់បណ្តាប្រទេសជាសមាជិករបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានភ្ជាប់ទំនាក់ទំនងជាមួយអង្គការអន្តរជាតិនានា និងបណ្តាប្រទេសផ្សេងៗទៀតផងដែរ ដើម្បីឆ្លើយតបនៅក្នុងកម្រិតជាច្រើនសម្រាប់ការដោះស្រាយបញ្ហាដែលបង្កឡើងដោយវីរុសនេះ៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

No comments:

ads
Powered by Blogger.