ជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសរបស់ចិនបានមកកម្ពុជាហើយ

កម្ពុជាទទួលបានជំនួយវ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសពីមិត្តចិនបន្ថែមទៀតនៅរាត្រីថ្ងៃទី២៨ ខែមេសានេះ ហើយគ្រោងចាក់ជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដែលជាតំបន់មានការប្រឈមខ្ពស់ ។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាទទួលបានវ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់មិត្តចិនចំនួន៣លើកហើយ ដែលរហូតមកដល់ពេលនេះកម្ពុជា ទទួលបានចំនួន១លាន៧សែនដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាក្នុងតំបន់មានហានិភ័យខ្ពស់ ។ លោកជំទាវបានបន្តថា វ៉ាក់សាំងកូវីដ១៩នេះ គឺជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀត ក្នុងប្រតិបត្តិការប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាជួយការពារសុខភាពរបស់ មនុស្ស ពីការវាយប្រហារដោយសារជំងឺដ៏កាចសាហាវនេះ ដោយរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកវ៉ាក់សាំងសម្រាប់ផ្ដល់ការចាក់ជូនប្រជាពលរដ្ឋឲ្យបានតាមការគ្រោងទុក ។ សំឡេង ៖ « យើងឃើញហើយថា វ៉ាក់សាំងដែលយើងទទួលជំនួយពីប្រទេសចិន គឺច្រើនលើសលប់ហើយ រហូតមកដល់ថ្ងៃនេះយើងទទួល៤០ម៉ឺនដូសទៀតអីចឹងទាំងអស់យើងបានមួយលានប្រាំពីរសែន ដូសហើយៗមិនមែនតែវ៉ាក់សាំងនេះនោះទេ គឺរដ្ឋាភិបាលចិនដែលមានស្ថានទូតចិនប្រចាំនៅកម្ពុជា យើងបានកំពុងប្រឹងប្រែងអស់លទ្ធភាព សម្របសម្រួលធ្វើយ៉ាងណាឲ្យក្រុមហ៊ុនស៊ីណូវ៉ាក់និងស៊ីណូហ្វាមរបស់ចិន ផ្ដល់នូវការផ្គត់ផ្គង់វ៉ាក់សាំង តាមរយៈ ស្ថានទូតចិន ហើយវ៉ាក់សាំងចិន នេះ យើងគិតថាជាវ៉ាក់សាំង យុទ្ធសាស្ត្រ ដែលសម្តេចតេជោ លោកបានមានប្រសាសន៍ហើយថា យើងត្រូវតែប្រើប្រាស់វ៉ាក់សាំងយុទ្ធសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅប្រទេសកម្ពុជា »។ សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយមិត្តចិនលើកទី១ បានមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ លើកទី២បានមកដល់កម្ពុជា ចំនួន៧០ម៉ឺនដូស កាលពីថ្ងៃទី ៣១ ខែមីនា និងលើកទី៣ បានមកដល់ចំនួន៤០ម៉ឺនដូសនៅថ្ងៃទី ២៨ខែមេសានេះ ៕





វិទ្យុជាតិកម្ពុជា ៖ស៊ឹង សុផារី

No comments:

ads
Powered by Blogger.