អ្នកនាំពាក្យក្រសួងសុខាភិបាល សម្តែងនូវមោទកភាព និងវឌ្ឍនភាព នៃការគ្រប់គ្រងការឆ្លងរីករាលដាលវីរុសកូវីដ-១៩ នៅកម្ពុជា​

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ --លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានសម្តែងនូវមោទកភាព និងវឌ្ឍនភាព​ នៃការគ្រប់គ្រង ការឆ្លើយតប និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ របស់កម្ពុជា ក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត​ បទបញ្ជា និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការនានារបស់ក្រសួងសុខាភិបាល ដែលជាសេនាធិការផ្ទាល់ ក៏ដូចជាការយកចិត្តទុកដាក់ចូលរួមអនុវត្តវិធានការសុខាភិបាលតាមបែបអន្តរវិស័យ​ ដោយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋផងដែរ។ឆ្លើយតបទៅនឹងសំនួរអ្នកយកព័ត៌មាន AKP កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តាមរយៈបណ្ដាញតេឡេក្រាម លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា ៖ “ស្ថានភាពនៃការគ្រប់គ្រងការឆ្លងវីរុសកូវីដ-១៩នៅកម្ពុជានេះ គឺច្បាស់ណាស់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចប្រមុខរាជរដ្ឋាភិបាល ដែលលោកបានគិតគូរខ្ពស់ណាស់ និងបានចាត់ចែងទាន់ពេលវេលា ហើយក៏បានបង្ហាញពីការខិតខំប្រឹងប្រែងអនុវត្តរបស់ក្រសួងសុខាភិបាល របស់ក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបាន និងកំពុងធ្វើការងារនេះបានយ៉ាងល្អប្រសើរ ទាំងការងារឆ្លើយតបបន្ទាន់ ការងារតាមដាន រុករកអ្នកឆ្លងបន្ត និងការងារព្យាបាលអ្នកជំងឺដែលវិជ្ជមានផងដែរ មិនថាជាជនជាតិខ្មែរ ឬក៏ជនបរទេសនោះទេ”។លោកជំទាវបានបន្ថែមផងដែរថា ភាពជោគជ័យនេះក៏មិនអាចខ្វះបានពីក្រុមអាជ្ញាធរដែនដី កងកម្លាំងទាំងអស់ រួមទាំងការចូលរួមត្រងត្រាប់អនុវត្តពីសំណាក់បងប្អូនប្រជាពលរដ្ឋគ្រប់រូបផងដែរ ក្នុងការចូលរួមអនុវត្តវិធានការសុខាភិបាល ដែលនេះ​ គឺបានបង្ហាញអំពីសាមគ្គីភាពរបស់កម្ពុជាក្នុងការងារនេះ ដែលខណៈពេលនេះបានក្លាយជាការងារអន្តរវិស័យទៅហើយ។ ឆ្លៀតក្នុងឱកាសនេះ លោកជំទាវវេជ្ជបណ្ឌិត ក៏បានបន្តអំពាវនាវប្រជាពលរដ្ឋទាំងអស់ត្រូវតែអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រម “០៣ការពារ និង ០៣កុំ” របស់ សម្តេចតេជោ សែន​ ដើម្បីទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩នៅកម្ពុជា ជាបន្តទៀត។គួររម្លឹកថា គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ អ្នកមានវិជ្ជមានវីរុសកូវីដ-១៩ នៅកម្ពុជា មានចំនួនសរុប ៤១១នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៧៧នាក់ ខណៈដែលមិនមានករណីណាមួយរងគ្រោះដល់អាយុជីវិតនោះទេ។ ដោយឡែកបន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានបញ្ចប់មក រាល់ករណីចុងក្រោយនេះ គឺជាករណីនាំចូលទាំងអស់៕

ដោយ ផែន រតនៈ

No comments:

ads
Powered by Blogger.