សម្ដេចក្រឡាហោម ស ខេង៖ ជំរឿនឆ្នាំ២០១៩ មានប្រជាជនសរុបជាង១៥លាននាក់ ក្នុងនោះប្រជាជនកើន២,២លាននាក់

 សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ​និងជាប្រធាន​គណៈកម្មាធិការជាតិជំរឿនទូទៅ ប្រជាជននៅកម្ពុជាបានអះអាងថា បើយោង​តាមលទ្ធផល​ជំរឿនទូទៅប្រជាជននៅកម្ពុជា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបមាន១៥ ៥៥២ ២២១ នាក់ ក្នុងនោះ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ១,៤ភាគរយ ហើយចាប់ពីឆ្នាំ​២០០៨ ដល់​ឆ្នាំ២០១៩ ចំនួនប្រជាជនបានកើនឡើងចំនួន២,២លាននាក់។

ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយ ជំរឿន​ទូទៅ​ប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ នាព្រឹកថ្ងៃ២៦ ខែមករា ឆ្នាំ២០២១ នៅ​សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា ក្នុង​ចំណោមប្រជាជនសរុបជាង១៥លាននាក់ ក្នុងនោះប្រុសចំនួន៧ ៥៧១ ៨៣៧នាក់ ស្មើនឹង​៤៨,៧ភាគរយ។ ដោយឡែកស្រី​ចំនួន៧ ៩៨០ ៣៧៤នាក់ ស្មើនឹង៥១,៣ភាគរយ។ ជាមួយ​គ្នានេះ អត្រាកំណើនប្រជាជនមធ្យមប្រចាំឆ្នាំគឺ១,៤ភាគរយ ខណៈលទ្ធផលជំរឿនលើកមុន ឆ្នាំ២០០៨ ចំនួនប្រជាជនសរុបមានចំនួន១៣,៤លាននាក់។ សម្ដេចក្រឡាហោមបានបន្ដថា ជំរឿនជាផ្នែកប្រជាសាស្ត្រ និងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច ជាពិសេស គឺផ្នែកកំណើនប្រជាជន ដែលទាមទារយកចិត្តទុកដាក់សម្រាប់សកម្មភាពចាំបាច់ទាំងឡាយ។

សម្ដចក្រឡាហោម បានថ្លែងថា “ជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ ដ៏សំខាន់មួយក្នុងឆ្នាំកន្លងមកនេះ ដែលលទ្ធផលចុងក្រោយ ជាលទ្ធផលនៃការខិតខំរបស់​មន្ត្រី​ត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ចំនួនជាង៥ម៉ឺននាក់ ដែលបានសម្ភាសន៍ប្រមាណ ៣,៥ លាន​គ្រួសារ​ ទូទាំងប្រទេស ដើម្បីប្រមូលព័ត៌មាន”។ សម្ដេចក្រឡាហោមបានបន្ដទៀតថា មន្ត្រី​វិទ្យាស្ថាន​ជាតិស្ថិតិ នៃក្រសួងផែនការ បានកែច្នៃ និងវិភាគទិន្នន័យ ដោយសហការជាមួយ​មន្ត្រីបច្ចេកទេស និងអ្នកជំនាញការអន្តរជាតិ ដែលបានបញ្ចប់ទាន់ពេលវេលា ទោះជាយើង​ស្ថិតក្នុងបរិការនៃជំងឺកូវីដ-១៩ ជាសកលក៏ដោយ។

សម្ដេចក្រឡាហោមបានថ្លែងបន្ដថា «យើងទាំងអស់គ្នាបានដឹងហើយថា ជំរឿនប្រជា​ជន និងលំនៅឋាន ជាប្រភពតែមួយគត់ នៃទិន្នន័យប្រជាសាស្រ្ត សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌រហូតដល់កម្រិតភូមិ។ បើតាមរបាយការណ៍ជំរឿនផ្តល់លទ្ធផលចុងក្រោយកម្រិតជាតិ ដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះ មានសារៈប្រយោជន៍ចំពោះរាជរដ្ឋាភិបាល ស្របទៅតាម​យុទ្ធ​សាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានដាក់ចេញ ហើយអ្វីដែលមាននៅពេលនេះ គឺជាជំហានមួយនៃការវិភាគ ទិន្នន័យជំរឿន”។ សម្ដេចក្រឡាហោមបានបន្ថែមថា ដង់ស៊ីតេ ប្រជាជនក្នុងមួយគីឡូម៉ែត្រក្រឡាបានកើនឡើងពី៧៥នាក់ នៅឆ្នាំ២០០៨ ទៅ៨៧នាក់ នៅ​ក្នង​ឆ្នាំ​២០១៩។ ដង់ស៊ីតេនេះ ប្រជាជនកម្ពុជានៅទាបជាងច្រើន បើធៀបនឹងដង់​ស៊ីតេ​ប្រជា​ជននៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកការប្រកាសផ្សព្វផ្សាយរបាយការណ៍​ជាតិ​នៃលទ្ធផលចុងក្រោយជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩នេះថា គឺជាព្រឹត្តិការណ៍ប្រវត្តិ​សាស្ត្រដ៏សំខាន់ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងស្របតាមច្បាប់ជាធរមាន។ សម្ដេចក្រឡាហោមបានសម្ដែងការកោតសរសើរចំពោះគណៈកម្មការជំរឿន ក្រសួងផែនការ វិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងមន្ត្រីជំរឿនទាំងអស់ និងប្រជាជនកម្ពុជាដែលបានបំពេញកិច្ចការ នេះប្រកបដោយជោគជ័យ ។

សម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ជំរឿនប្រជាជន គឺជាប្រភពព័ត៌មានតែមួយ​គត់​ស្តីអំពីចំនួន និងចរិតលក្ខណៈប្រជាជន ហើយជំរឿនប្រជាជនមានវិសាលភាពរឹងមាំ ល្អិតល្អន់ និងអាចផ្តល់ឱ្យនូវចំនួនប្រជាជនក្នុងតំបន់រហូតដល់ថ្នាក់តូចៗថែមទៀត ដែលប្រភពទិន្នន័យ​ផ្សេងៗ​ទៀតមិនមានឡើយ។ ទន្ទឹមនេះ ជំរឿនក៏ផ្តល់ជូនផងដែរនូវក្របខ័ណ្ឌជ្រើសរើសគំរូ ក៏ដូចជាមូលដ្ឋាន នៃការធ្វើចំណោល ឬព្យាករណ៍ប្រជាជន ដែលជាកត្តាសំខាន់សម្រាប់ ការងារផែនការរយៈពេលវែង ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងនូវមតិយោបល់​មួយ​ចំនួនអំពីតួនាទី និងអត្ថប្រយោជន៍ក្នុងការរៀបចំគោលនយោបាយរបស់ទិន្នន័យស្ថិតិ ពិសេស​ជំរឿនប្រជាជន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជា​យល់ឃើញ​ថា ជាកិច្ចការសំខាន់មានអាទិភាពខ្ពស់សម្រាប់ទទួលនូវហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍ផងដែរ៕

ដោយ៖ប៊ុនរិទ្ធ, ផ្សាយដោយ៖ កន ចំណាន

No comments:

ads
Powered by Blogger.