ប្រជាពលរដ្ឋទ័លក្រ នៅស្រុកសាលាក្រៅ ២០០គ្រួសារ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខាសមាជិកគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទ័លក្រ ចំនួន ២០០គ្រួសារ នៅឃុំទាំង៤ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកជំទាវ បាន ស្រីមុំ បាននាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចប្រធាន ជាមាតាមនុស្សធម៌កម្ពុជា តែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ នៅទូទាំងប្រទេសគ្រប់ពេលវេលា ដោយមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ជាពិសេសមិនបណ្តោយឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយមិនបានដឹង និងមិនបានជួយដោះស្រាយនោះទេ។លោកជំទាវប្រធានគណៈកម្មាធិការសាខា បានប្រសាសន៍ឱ្យដឹងថា៖ កន្លងមក សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានជំរុញគ្រប់សកម្មភាពការងារមនុស្សធម៌ ឱ្យអនុវត្តន៍ទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រកាន់ខ្ជាប់ នូវគោលការណ៍គ្រឹះទាំង ០៧ប្រការ របស់ចលនាកាកបាទក្រហមកម្ពុជា ក្នុងការឆ្លើយតបបានទាន់ពេលវេលា ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ព្រមទាំងបានផ្តល់ជាសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗដូចជា៖ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត ទឹកជំនន់ គ្រោះអគ្គីភ័យ គ្រោះថ្នាក់ចរាចរណ៍ ពលរដ្ឋមានជីវភាពខ្វះខាត គ្រួសារជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ ចាស់ជរាគ្មានទីពឹង និងគ្រួសារសពខ្វះខាត ជាដើម។នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ  ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីត-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តនូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយចំពោះបងប្អូនពលករដែលទើបត្រឡប់មកពីក្រៅប្រទេស ត្រូវធ្វើចត្តាឡីស័ក នៅដាច់ដោយឡែកពីសាច់ញាតិបងប្អូនក្រុមគ្រួសារ និងមិត្តភក្ត្ររយ:ពេល ១៤ថ្ងៃសិន បើមានបញ្ហាសុខភាព សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យនៅជិតបំផុត ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។សូមបញ្ជាក់ថា៖ ប្រជាពលរដ្ឋទីទ័លក្រ នៅឃុំសាលាក្រៅ ឃុំស្ទឹងត្រង់ ឃុំអូរអណ្តូង និងឃុំស្ទឹងកាច់ ក្នុងស្រុកសាលាក្រៅ ដែលទទួលអំណោយពី សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន មានចំនួន ២០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៤០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកក្រូច១យួរ ផ្អក១កែវ និងឃីត ១ (កន្ទេល១ មុង១ ភួយ១ ) និងថវិកាចំនួន ៥ម៉ឺនរៀល ។ ដោយឡែកគ្រួសារពិការ ចំនួន ១៧នាក់ បានទទួលថវិកាឧបត្ថម្ភបន្ថែម ក្នុង១គ្រួសារៗ ៥ម៉ឺនរៀល ពីឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តប៉ៃលិន៕  










 វិទ្យុជាតិកម្ពុជា៖ ញឹប ​បុរី

No comments:

ads
Powered by Blogger.