ត្រីផ្សោតនៅអន្លង់ផ្សោតព្រះរំកិលមានភាពសាំងជាមួយភ្ញៀវទេសចរ

ស្ទឹងត្រែង៖ ភ្ញៀវទេសចរមកទស្សនាសត្វផ្សោតនៅរមណីយដ្ឋានផ្សោតព្រះរំកិល បានពេញចិត្ត និងសប្បាយរីករាយជាខ្លំាង ព្រោះបានឃើញត្រីផ្សោត ចេះមកប្រលែងលេងជាមួយមនុស្ស នៅឆ្នាំ២០២១នេះ។

អ្នកយកព័ត៌មានយើងប្រចាំខេត្តស្ទឹង ត្រែងបានរាយការណ៍ថា នេះជាករណីចម្លែកមួយបន្ទាប់ពីឆ្នាំកន្លងមក ត្រីផ្សោត នេះវាមិនដែលបានធ្វើបែបនេះនោះទេ។

លោកផយ វណ្ណា សមាជិកសហ គមន៍ផ្សោត នៅឃុំព្រះរំកិលស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង  បានឱ្យដឹងថា ក្នុងចំណោមត្រីផ្សោតចំនួន ៣ ក្បាល មានមួយក្បាលបច្ចុប្បន្នវាមានភាពសាំងចេះមកលេងនិងធ្វើឱ្យភ្ញៀវពេញចិត្ត  និងមានភាពទាក់ទាញចង់ឃើញវាមកជិត ហើយយើងអាចស្ទាបខ្លួនប្រាណវាបាន។

លោកបន្តថា ស្ថិតក្នុងសភាពស្និទ្ធស្នាលនេះ  ប្រជាសហគមន៍បានបង្កើនការរៀប ចំសេវាកម្មទទួលភ្ញៀវគ្រប់ពេលវេលា  ដើម្បីអភិរក្សតំបន់ទេសចរណ៍ផ្សោត  ឱ្យស្ថិតនៅយូរអង្វែង   និងបានបម្រើការ ទស្សនាដល់ភ្ញៀវឱ្យកាន់តែពេញចិត្តបន្ថែមទៀត ។

លោក ប៊ុនថន អ្នកទទួលសេវាកម្មដឹកជញ្ជូនភ្ញៀវបានបញ្ជាក់ថា ប្រជាសហ គមន៍បានរៀបចំសេវាកម្មដឹកជញ្ជូន  ប្រកបដោយសុវត្ថិភាព ជូនភ្ញៀវទស្សនា តាមរយៈការជិះទូក ចាប់ពី៥ទៅ៨ នាក់ ក្នុងទូកមួយ    ហើយចំណាយសេវា តម្លៃតែ៥ទៅ៦ម៉ឺនតែប៉ុណ្ណោះ។

លោកបន្តថា បច្ចុប្បន្នមានភ្ញៀវមកទស្សនាជាប្រចាំ   ដោយសារតែមានត្រី ផ្សោត វាហែលប្រដេញទូក   បង្ហាញខ្លួន ជូនភ្ញៀវ       ដែលប្លែកគ្នាកាលពីឆ្នាំមុនៗ  យើងចង់ទៅមើលវាមិនបានមកជិតទេ      តែឆ្នាំ២០២១នេះ    វាមកជិតទូក ប្រលែងលេងងាយស្រួលភ្ញៀវទេសចរ ថតយករូប ភាព។

លោកស្រី សុងវ៉ាន់ថង ភ្ញៀវទេសចរមកខេត្តសៀមរាប បានទទួល ស្គាល់ថា នេះជាសម្បត្តិធនធានធម្មជាតិដែលប្រទេសកម្ពុជាយើងមាន  ហើយប្រជាពលរដ្ឋយើងនៅតាមបណ្តាខេត្តមួយ ចំនួនមិនទាន់បានមកឃើញទេ។

លោកស្រីសន្យានឹងជួយផ្សព្វផ្សាយពីសមិទ្ធិផលត្រីផ្សោតនេះ ឱ្យភ្ញៀវទេសចរបានដឹង  និងនាំគ្នាមកទស្សនា  ព្រោះនៅ ពេលមកដល់យើងបានឃើញ ទាំងត្រី ផ្សោត ឃើញធនធានធម្មជាតិប្លែកៗ និងបានឃើញទឹកដីព្រំប្រទល់រវាងប្រទេសកម្ពុជា   និងប្រទេសឡាវផងដែរ។

សូមបញ្ជាក់ថា តំបន់អេកូទេសចរណ៍ព្រះរំកិលនេះ បានបង្កើតឡើងនៅឆ្នាំ ២០០២ ដោយសហគមន៍មានបម្រើសេវាកម្មទេសចរណ៍ជូនភ្ញៀវជាច្រើន ដូចជាម្ហូបអាហារនិង ជូនភ្ញៀវទស្សនាត្រីផ្សោតជាដើម៕


វិទ្យុជាតិកម្ពុជា៖ គឹមហឿន  ស្ទឹងត្រែង

No comments:

ads
Powered by Blogger.