អ្នកមើលថែមាន់ពីរនាក់នៅកសិដ្ឋានភូមិព្រែកកញ្ច្រែង មិនមានឆ្លងជំងឺផ្តា សាយបក្សីH5N1ទេ

បាត់ដំបង៖ លោកឱសថបណ្ឌិតវឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានបញ្ជាក់នារសៀលថ្ងៃទី១៤ ខែមករានេះថា លទ្ធផលនៃការធ្វើតេស្តលើសំណាកកម្មករពីរនាក់ដែលថែមាន់ ក្នុងកសិដ្ឋានមានផ្ទុះជំងឺផ្តាសាយបក្សីH5N1 នៅភូមិព្រែកកញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបងនោះ គឺអវិជ្ជមាន មិនមានឆ្លងជំងឺផ្តាសាយបក្សីទេ។

បុរសពីរនាក់នេះ ត្រូវបានមន្រ្តីសុខាភិបាលខេត្ត យកសំណាកនាព្រឹកថ្ងៃទី១២ខែមករា ផ្ញើទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ ដើម្បីធ្វើការពិនិត្យ ក្រោយពីការរកឃើញផ្ទុះជំងឺផ្តាសាយបក្សី ក្នុងកសិដ្ឋានខាងលើនេះ។

 សូមបញ្ជាក់ថា នៅចំណុចទីតាំងដែលមានការឆ្លងជំងឺផ្ដាសាយបក្សីនេះ មានម្ចាស់ឈ្មោះ ហូ ណាម ដោយសត្វស្លាបរបស់គាត់ បានឆ្លងជំងឺនេះ ហើយបានងាប់ជាបន្តបន្ទាប់តាំងពីដើមខែមករា ឆ្នាំ២០២១ អស់ចំនួនប្រមាណ ១៣០០ក្បាល ក្នុងនោះសត្វទា និងក្ងាន សរុបជាង ២០០ក្បាល ដែលចិញ្ចឹមនៅទីតាំងជាមួយគ្នា។ក្រោយការផ្ទុះជំងឺបណ្តាលឱ្យមានសត្វងាប់នេះ អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ  បានចុះធ្វើការកប់សត្វដែលងាប់ តាមបច្ចេកទេស និង បាញ់ថ្នាំសម្លាប់មេរោគរួចរាល់ហើយ។

បន្ថែមពីនោះ មន្រ្តីពេទ្យសត្វ មន្រ្តីសុខាភិបាល និងអាជ្ញាធរបានធ្វើការផ្សព្វផ្សព្វនិងអប់រំដល់ ម្ចាស់កសិដ្ឋាន និងពលរដ្ឋនៅជុំវិញកសិដ្ឋាននេះទៅតាមការណែនាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីវិធាននានា ដើម្បីការពារកុំឱ្យជំងឺផ្តាសាយ នេះមាន ការចម្លងរីករាលដាល ។

ក្រសួងកសិកម្មក៏បានអំពាវនាវឱ្យពលរដ្ឋបរិភោគមាន់ទាធម្មតា កុំមានការព្រួយបារម្ភ ព្រោះមន្រ្តី ជំនាញ បានធ្វើការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលតាមលក្ខណៈបច្ចេកទេសអស់ហើយ ៕




វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខ វិទ្យុជាតិកម្ពុជាចំការចេក

No comments:

ads
Powered by Blogger.