ក្រសួងបរិស្ថាន និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ បង្កើនកិច្ចសហការគ្រប់គ្រងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ

​នាទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រ ២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម សាយ សំអាល់ បានទទួលជួបជា មួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍នៅ តាមតំបន់ការពារធម្មជាតិ បង្កើនកិច្ចសហការជាមួយគ្នា ក្នុងគោលបំណងគ្រប់គ្រង ទេសចរណ៍ធម្មជាតិឱ្យកាន់តែល្អប្រសើរ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបង្ហាញអំពីតំបន់ដែលមានសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិនានានៅ ប្រទេសកម្ពុជា ដែលអាចរៀបចំឱ្យភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត។

​ក្នុងនោះផងដែរ សមាគម និងក្រុមមគ្គុទ្ទេសក៍ ត្រូវឈ្វេងយល់ផងដែរអំពីតំបន់មួយ ចំនួននៅតាមតំបន់ការពារធម្មជាតិ ដែលមានតម្លៃខ្ពស់សម្រាប់ការអភិរក្សជីវៈចម្រុះ និងមួយចំនួនមិនទាន់មានសុវត្ថិភាពគ្រប់គ្រាន់នៅឡើយ ដែលត្រូវការសហការគ្នារៀបដំណើរ ទេសចរណ៍ឱ្យបានល្អទាំងសុវត្ថិភាព សុខភាព និងអនាម័យបរិស្ថាន។ 

​ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការរីកចម្រើនទេសចរណ៍ធម្មជាតិ ជានិន្នាការថ្មីរបស់សង្គមកម្ពុជា នឹងជួយកសាងសេដ្ឋកិច្ចមូលដ្ឋាន។ ក្រសួងបរិស្ថាននឹងយក ចិត្តទុកដាក់បន្ថែមសុខសុវត្ថិភាព សុខភាព ការសង្រ្គោះបន្ទាន់ ការគ្រប់គ្រងអនាម័យ និងសំអាតបរិស្ថានឱ្យបានល្អនៅតាមតំបន់ការពារធម្មជាតិ ដើម្បីជាប្រយោជន៍យូរអង្វែង ដល់កូនចៅតជំនាន់។

​ឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់នូវសំណូមពរដែលបានលើកឡើង ពីសំណាក់សមាគម និងក្រុមមគ្គុទ្ទេសក៍ ដើម្បីឈ្វេងយល់ពីតម្រូវការ និងភាពចាំបាច់សំដៅរួមគ្នារៀបចំ ទេសចរណ៍ធម្មជាតិឱ្យបានល្អប្រសើរ។

​ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា កន្លងទៅប្រជាជនកម្ពុជាបានផ្លាស់ប្តូរ ផ្នត់គំនិតស្រឡាញ់បរិស្ថានច្រើនជាងមុន តាមរយៈការធ្វើដំណើរកម្សាន្តនៅតាមតំបន់ការពារ ធម្មជាតិកាន់តែច្រើន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងផងដែរថា ការធ្វើដំណើរកម្សាន្តនៅ តាមតំបន់ធម្មជាតិទាំងអស់នេះ បានជួយលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្ស និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់លើការការពារ និងអភិរក្សធធានធម្មជាតិ និងចូលរួមចំណែក សំខាន់ដល់ការបង្កើនសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលដ្ឋនៅតាមសហគមន៍៕ 

ដោយ ពេជ្រ ណារិទ្ធ

No comments:

ads
Powered by Blogger.