ទម្រង់ថ្មីនៃជំងឺកូវីដ-១៩ ដែលមានកម្រិតឆ្លងខ្ពស់ត្រូវបានរកឃើញនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា

 ភ្នំពេញថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១​ - ទម្រង់ថ្មីនៃមេរោគកូរ៉ូណាវីរុសនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាត្រូវបានគេរាយការណ៍ថា ស្ថិតក្នុង «មែកធាងគ្រួសារ» ដូចគ្នានឹងទម្រង់មេរោគកូរ៉ូណាវីរុសដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេសកាលពីខែធ្នូ ដែលត្រូវបានគេជឿថា មានកម្រិតឆ្លងខ្លាំងជាងទម្រង់ផ្សេងៗទៀតចំនួន ៧០ភាគរយ ។

ក្រុមអ្នកស្រាវជ្រាវដាច់ដោយឡែកពីគ្នាចំនួនពីរ បានរកឃើញទម្រង់វីរុសឆ្លងនេះ ខណៈដែលកំពុងស្វែងរកទម្រង់ថ្មីមួយទៀតដែលត្រូវបានគេជឿជាក់ថា ចេញមកពីចក្រភពអង់គ្លេស។

យោងតាមសារព័ត៌មាន ឡូសអេនជើឡេសថែមស៍ វេជ្ជបណ្ឌិត Charles Chiu សាស្ត្រាចារ្យផ្នែករោគសាស្ត្រ និងជាសាស្ត្រាចារ្យផ្នែកពិសោធន៍នៅ UC San Francisco បាននិយាយថា «មានទម្រង់ថ្មីមួយនៅក្រោមច្រមុះរបស់យើង» ។ លោកបានពិនិត្យសំណាកពីតំបន់ភាគខាងជើងនៃរដ្ឋដោយមានការសហការពីមន្ទីរសុខភាពសាធារណៈរដ្ឋកាលីហ្វ័រញ៉ា។

សារព័ត៌មាននេះបាននិយាយថា ទម្រង់នេះអាចស្ថិតនៅពីក្រោយការរីករាលដាលនៅក្នុងរដ្ឋនេះក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លោកវេជ្ជបណ្ឌិត Chiu បានកត់សម្គាល់ថា ទោះជាយ៉ាងណា វាប្រហែលជាបានចូលរួមដល់ការកើនឡើងករណីឆ្លងនេះ ឬការឆ្លងអាចមានភាពធម្មតាទៅមុខទៀត។

ទន្ទឹមនឹងនេះដែរ មន្រ្តីសុខាភិបាលបានរាយការណ៍នៅក្នុងសប្តាហ៍នេះថា អ្នកជំងឺម្នាក់ក្នុងតំបន់ Monterrey ដែលបានធ្វើតេស្តវិជ្ជមានជំងឺនេះកាលពីខែមេសា និងបានព្យាបាលជាសះស្បើយនោះ ឥឡូវនេះបានឆ្លងទម្រង់ថ្មីនៃវីរុសនេះ។ នោះអាចបង្ហាញថា ប្រភេទថ្មីនេះអាចលាក់ខ្លួនពីអង្គបដិប្រាណដែលត្រូវបានបង្កើតបន្ទាប់ពីប៉ះពាល់នឹងវីរុសជំនាន់ផ្សេងៗទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពនៃវ៉ាក់សាំង និងការព្យាបាលដោយផ្អែកលើអង្គបដិប្រាណ៕

(ប្រភព Sputnik បកប្រែដោយលោក យា ចិន្តាខន្តី)

No comments:

ads
Powered by Blogger.