ទីក្រុងមូស្គូសង្ឃឹមថា អង្គការសុខភាពពិភពលោកនឹងចេញវិញ្ញាបនបត្របញ្ជាក់សម្រាប់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់រុស្ស៊ីក្នុងពេលឆាប់ៗនេះ

ភ្នំពេញថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២១​ - អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzia បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយទីភ្នាក់ងារសារព័ត៌មាន TASS ថា ប្រទេសរុស្ស៊ីកំពុងរំពឹងថា អង្គការសុខភាពពិភពលោក (WHO) នឹងចេញវិញ្ញាបនបត្របញ្ជាក់វ៉ាក់សាំងមេរោគកូរ៉ូណាវីរុសរបស់រុស្ស៊ីក្នុងពេលឆាប់ៗនេះ។



លោកបាននិយាយថា «យើងបានបញ្ជូនឯកសាររបស់យើងដើម្បីតម្រូវសម្រាប់វ៉ាក់សាំងរបស់យើង និងការដាក់បញ្ចូលវាទៅក្នុងបញ្ជី EUL (បញ្ជីសម្រាប់ការប្រើប្រាស់ជាបន្ទាន់) រួចរាល់ហើយ។ ដំណាក់កាលទី ២ នៃការពិនិត្យមើលពាក្យសុំរបស់យើងនៅក្នុងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមហើយកាលពីថ្ងៃទី ២២ ខែមករា ដូច្នេះយើងសង្ឃឹមថាវានឹងត្រូវបានបញ្ជាក់ក្នុងពេលឆាប់ៗនេះ»។

លោក Nebenzia ប្រេសិតប្រចាំនៅអង្គការសហប្រជាជាតិរូបនេះបានគូសបញ្ជាក់ថា ពិភពលោកកំពុងជួបប្រទះនូវការប្រកួតប្រជែងខាងវ៉ាក់សាំង។ ឥឡូវនេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលស្គាល់វ៉ាក់សាំងរបស់យើងជាបណ្តើរៗហើយ។

លោកបានរំលឹកថា «យើងបានផ្តល់វ៉ាក់សាំងរបស់យើងទៅកាន់អង្គការសហប្រជាជាតិនៅពេលដែលមិនទាន់មានវ៉ាក់សាំងអ្វីផ្សេងទៀត។ ក្នុងករណីណាក៏ដោយ បញ្ហានៃការគ្រប់គ្រងវ៉ាក់សាំងរបស់យើងនៅក្នុងទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ និងបេសកកម្មរបស់ខ្លួននៅក្នុងប្រទេសផ្សេងៗទៀតមិនអាចត្រូវបានពិភាក្សាទេ រហូតដល់អង្គការសុខភាពពិភពលោកចេញវិញ្ញាបនប័ត្បញ្ជាក់»។

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសរុស្ស៊ីមានឆន្ទៈផ្តល់ជូននូវវ៉ាក់សាំង Sputnik V ដល់និយោជិតអាម៉េរិកដោយមិនគិតថ្លៃ៕

(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី)

No comments:

ads
Powered by Blogger.