ប្រទេសឥណ្ឌូណេស៊ីចាប់ផ្តើមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩

 


ប្រទេសឥណ្ឌូណេស៊ីបានចាប់ផ្តើមចែកចាយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិននៅទូទាំងប្រទេស ហើយការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំត្រូវបានគ្រោងចាប់ផ្តើមនៅចុងខែនេះ។

ក្រុមហ៊ុនផលិតវ៉ាក់សាំងរដ្ឋឥណ្ឌូណេស៊ី Bio Farma បានទទួលវ៉ាក់សាំងចំនួន ១,២លានដូសកាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២០ និង ១,៨លានដូសកាលថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យកម្មវិធីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ របស់ក្រុមហ៊ុននេះ លោក Bambang Heriyanto បាននិយាយថា គ្រឿងបរិក្ខារទាំងអស់ដែលត្រូវប្រើដើម្បីរក្សាវ៉ាក់សាំងនៅក្រោមសីតុណ្ហភាពចន្លោះពី ២អង្សារសេទៅ ៨អង្សារសេត្រូវបានត្រៀមរួចរាល់ហើយ ដោយសង្ឃឹមថានឹងជួយធានាបាននូវគុណភាពវ៉ាក់សាំងនេះ។

លោក Bambang បាននិយាយបន្ថែមថា ប្រទេសឥណ្ឌូណេស៊ីបានអនុវត្តកម្មវិធីចាក់វ៉ាក់សាំងជាតិមួយចំនួននៅក្នុងពេលកន្លងមក ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនឹងមិនមានបញ្ហាអ្វីទេ។

ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងចាក់វ៉ាក់សាំងដល់ប្រជាជនចំនួន ១៨១,៥លាននាក់ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ឬប្រមាណ ៦៧ភាគរយនៃប្រជាជនសរុបដែលមានចំនួនជិត ២៧០លាននាក់ក្នុងរយៈពេល ១៥ខែ។

ការចាក់វ៉ាក់សាំងជាលើកដំបូងនឹងត្រូវផ្តល់ឱ្យបុគ្គលិកសុខាភិបាលចំនួន ១,៣លាននាក់។ បុគ្គលិកជួរមុខចំនួន ១៧,៤លាននាក់ផ្សេងទៀតនឹងចាក់វ៉ាក់សាំងនៅពេលបន្ទាប់ពីនោះ ហើយមនុស្ស ២១,៥លាននាក់ដែលមានអាយុលើសពី ៦០ឆ្នាំនឹងទទួលបានការចាក់វ៉ាក់សាំងនេះនៅចន្លោះពីខែមករាដល់ខែមេសា។

នៅក្នុងដំណាក់កាលទី ២ ដែលគ្រោងនឹងដំណើរការចាប់ពីខែមេសា ឆ្នាំ ២០២១ ដល់ខែមីនា ឆ្នាំ ២០២២ ប្រជាជនចំនួន ៦៣,៩លាននាក់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នឹងទទួលបានការចាក់វ៉ាក់សាំង ហើយបន្ទាប់មកប្រជាជនចំនួន ៧៧,៤លាននាក់ដែលនៅសេសសល់នឹងត្រូវបានកំណត់សម្រាប់ការចាក់វ៉ាក់សាំងនេះ។

រហូតមកដល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ីទទួលបានវ៉ាក់សាំងជិត ៣៣០លានដូសពីអ្នកផ្គត់ផ្គង់ចំនួន ៥ផ្សេងៗគ្នា ដែលរួមមានក្រុមហ៊ុន Sinovac ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុន Novavax ។

គិតត្រឹមថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២១ ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទីបួននៅលើពិភពលោកមួយនេះបានរាយការណ៍ថា មានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៧៥៨.៤៧៣នាក់ និងមានអ្នកស្លាប់ចំនួន ២២.៥៥៥នាក់៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

No comments:

ads
Powered by Blogger.