មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​បានទទួល​សម្ភារ បរិក្ខារ​ពេទ្យ​ពី​លោកជំទាវ ពេជ្រ ច័ន្ទ​មុ​នី្ន​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​

 នៅ​ថ្ងៃ​១២​រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​១០ ខែមករា ឆ្នាំ​២០២១ លោក​ទន្ត​បណ្ឌិត ហោ អូន តំណាង លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ បាន​នាំយក​នូវ​សម្ភារ បរិក្ខារ​ពេទ្យ​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង តាមរយ​:​ក្រុមការងារ​យុ​ជន​គណបក្ស​ខេត្តកំពង់ឆ្នាំង​។

​លោក លឹម លៀង​ងួន អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​លោកជំទាវ ពេជ្រ ច័ន្ទ​មុនី ព្រមទាំង​ប្រតិភូ​ដែល​បាន​គិតគូរ​យកចិត្តទុកដាក់​ផ្តល់​សម្ភារ​បរិក្ខារ​ពេទ្យ​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ សូមឱ្យ​លោកជំទាវ និង ឯកឧត្តម​បណ្ឌិត ព្រមទាំង​ប្រតិភូ​មាន​សុខភាព​ល្អ ជន្មាយុ​យឺនយូរ និង​ទទួលបាន​ជ័យជម្នះ​គ្រប់​ភារកិច្ច​។​

​ឯកឧត្តម សៀត គឹម​លៀង ប្រធាន​ក្រុមការងារ​យុវជន​ខេត្ត បាន​សម្តែង​ការកោតសរសើរ​ចំពោះ​ពលិកម្ម និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​លះបង់​កម្លាំងកាយ ចិត្ត​និង​ស្មារតី ក្នុងការ​បំពេញភារកិច្ច​ដ៏​ឧត្តុង្គឧត្តម ក្នុង​គ្រា​លំបាក​នេះ ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម​បាន​បន្តថា គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​តែងតែ​ចូលរួម​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ ឯកឧត្តម លោកជំទាវ និង​ក្រុមការងារ​តែងតែ​ចុះ​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​ឱ្យ​គោរព​តាម​វិធានការ​ការពារ​របស់​ក្រសួងសុខាភិបាល និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់​សមាជិក​សមាជិកា​ទាំងអស់ ចុះ​ចែក​ម៉ាស់ អាល់កុល ឬ​ជែ​ល​លាងដៃ រួម​នឹង​សម្ភារ​ប្រើប្រាស់ គ្រឿងឧបភោគ​បរិភោគ ដល់​ប្រជាពលរដ្ឋ​ជាប្រចាំ​។​

​ឯកឧត្ដម​បាន​បន្ថែម​ថា​ថា សម្ភារ​ដែល​ទទួលបាន​នា​ថ្ងៃនេះ នឹង​យកទៅ​បម្រើ​ជូន​ប្រជាពលរដ្ឋ សាធារណជន​នៅ​កន្លែង​ដែលមាន​មេរោគ​ឆ្លង សម្រាប់​ការពារ​ខ្លួន​ដើម្បី​កុំឱ្យ​ឆ្លង​គ្នា​បន្ដទៀត និង​ក៏​អាចជួយ​ទៅដល់​តំបន់​ណា​ដែលមាន​ការសង្ស័យថា​ឆ្លង​ជំងឺ​Covid-19 មាន​ករណី​ចាំបាច់​។

​សូមបញ្ជាក់​ផងដែរ​ថា សម្ភារ​ដែល​ទទួលបាន​ទាំងនោះ​រួមមាន​៖ ខ្សែ​អុកស៊ីសែន សឺ​រ៉ាំ​ង ហ្វឺត សុង​នោម សម្ភារ​វះកាត់ ក្រណាត់​កំរាល ម្ជុល ប្រដាប់​បឺត​សារធាតុ​រាវ ស្រោមដៃ ស ម្លៀ​ក​បំពាក់​ពេទ្យ​, សម្ភារ​ទាក់ទង​ការ​រុំ និង​ថែទាំ​របួស​, សម្ភារ​ជំនួយ​ការថែទាំ​ជំងឺ​(Nursing Care) និង​ម៉ាស់​មួយចំនួនធំ​ផងដែរ​៕ 




ដោយ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

No comments:

ads
Powered by Blogger.